ឯកឧត្តម លោកជំទាវ ប្រមុខមុខងារសាធារណៈ នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី; ជាបឋម, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុង «ពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» ក្រោមមូលបទដ៏មានសារៈសំខាន់ ដែលស្របនឹងបរិបទពិភពលោកគឺ «នវានុវត្តន៍ សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាប-អង្គរ។ ប្រទេសកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការធ្វើជាប្រធានប្តូរវេន នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ (ACCSM) និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ACCSM ជាលើកទីពីរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសជាសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងប្រទេសដៃគូបូកបីដ៏ជិតស្និទ្ធរបស់យើង គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ លើរដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដោយបើកចំហ និងត្រង់ទៅត្រង់មក ប្រកបដោយយុទ្ធសាស្ត្រ…

