សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាភោជនាហារជាមួយសិល្បករ/ការិនីអ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”
ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ មានកិត្តិយសដែលបានចូលរួមជាមួយភរិយា ក្នុងកម្មវិធី អ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី” ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការិនី គ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការសម្តែងនូវសិល្បៈច្រើនទម្រង់មុននេះ ដែលមានភាពរស់រវើកបង្ហាញអំពីកេរ្តិ៍មរតកដូនតារបស់យើង ដែលកូនខ្មែរជំនាន់ក្រោយនៅបន្តថែរក្សា និងជំរុញបន្តទៅទៀតរួមគ្នា។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងថ្លែងនូវការអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ…