សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល
ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល។ ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។ នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ…