សុន្ទរកថា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុង កិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) (ចម្លងពីsubtitles)

សូមអរគុណ ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ជាបឋម ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏រស់រវើក នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី Aliyev រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសអាស៊ែបៃហ្សង់ ហើយសូមសម្តែងនូវការអបអរសាទរចំពោះការបន្តធ្វើជាប្រធានសន្និសីទ CICA សម្រាប់ឆ្នាំ ២០២៦-២០២៨។ ខ្ញុំក៏សូមកោតសរសើរផងដែរចំពោះប្រធាន និងលេខាធិការដ្ឋាន CICA ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើងយ៉ាងល្អប្រសើរ។ កម្ពុជាក៏សូមសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានក្លាយជា រដ្ឋសមាជិកនៃសន្និសីទ CICA។ ការចូលរួមរបស់ឡាវក្នុងនាមជារដ្ឋសមាជិក នឹងពង្រឹងបន្ថែមទៀត នូវភាពជាតំណាង បរិយាបន្ន និងភាពស្វាហាប់នៃសន្និសីទរបស់យើង។ កម្ពុជាក៏សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះអគ្គលេខាធិការថ្មីនៃសន្និសីទ CICA។ យើងជួបជុំគ្នានៅចំពេលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា ជម្លោះអូសបន្លាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ឧក្រិដ្ឋកម្មឆ្លងដែន…