សេចក្តីចម្លងកិច្ចសន្ទនានិងអនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញត្រួតពិនិត្យលទ្ធផលអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស សាលាបឋម​សិក្សា ត្រពាំងក្អែក ស្ថិតក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ

សម្ដេចធិបតី៖ កូនប្លែកអត់? កម្មវិធីរៀបទៅតើចាប់អារម្មណ៍ទេ? ចង់បន្តទៀត ឬមួយចង់កែសម្រួលយ៉ាងម៉េច? កម្មវិធីនេះសំដៅឡើងគឺចង់បង្កើនសមត្ថភាពក្មួយៗ និងឥរិយាបថផង។ យើងផ្តោតពីថ្នាក់បឋមដំបូង ព្រោះជាបឋម យើងពត់ពីក្មេងឱ្យហើយល្អ មុនទៅដល់មធ្យម ដល់វិទ្យាល័យអី។ លោកតា លោកយាយ អ៊ំ ពូ មីង គាត់នៅផ្ទះគាត់ជួយនៅក្នុងការអប់រំ កូន ចៅ។ មកដល់សាលា លោកគ្រូ អ្នកគ្រូ គាត់ជួយបន្ថែមទៀត … អ្វីដែលក្រសួង(អប់រំយុវជននិងកីឡា) រដ្ឋាភិបាលដាក់បន្ថែមហ្នឹងក៏ដើម្បីជួយលោកគ្រូ អ្នកគ្រូ ជួយឪពុកម្តាយ លោក​តា លោកយាយ។ ធម្មតាការអប់រំយើងចង់បានបង្រៀនកូនចៅយើងល្អ។ អញ្ចឹងអ្វីដែលក្រសួងអប់រំ រដ្ឋាភិបាលក៏បានខំប្រឹងកែមករហូត ៤០ឆ្នាំនេះ គឺយើងខំប្រឹងពង្រឹង។ លោកតាលោកយាយ ដឹងហើយ (ព្រោះជា)សាក្សីរស់នៅទីនេះ។ យើងពីមុនមកលំបាកយ៉ាងម៉េច? ការអប់រំខ្វះសាលា។ ឥឡូវយើងមានហើយ។ ប៉ុន្តែត្រូវកែសម្រួលជាបន្តបន្ទាប់ដើម្បីឱ្យកាន់តែល្អ … អញ្ចឹងថ្ងៃនេះ ខ្ញុំមកមើលផ្ទាល់ ជាពិសេសចង់ស្តាប់ផ្ទាល់ពី ទី១ លោកគ្រូអ្នកគ្រូនៅនេះដូចមានអ្នកគ្រូដែរ? ប៉ុន្តែភាគច្រើនលោកគ្រូ ជាពិសេសលោកតាលោកយាយ អ៊ំ ពូ មីង ដែលជាតាយាយឪពុកម្តាយតែម្តង…

សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គពិធី ជាទីមេត្រី! ១. ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសិស្សមន្ត្រី និង កម្មសិក្សាការី ដែលជាជ័យលាភីបានបញ្ចប់ការសិក្សា ដោយជោគជ័យ​នៅឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំសិក្សា ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ស្វាមី ឬ ភរិយា និង ក្រុមគ្រួសារ របស់សិស្សសិក្ខាកាមទាំងអស់។…