សុន្ទរកថានិងសង្កថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០
អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក ដ៏មានអត្ថន័យនាពេលនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ [ផ្ដើមសេចក្ដីអធិប្បាយ១] ជិតមួយសប្ដាហ៍ហើយ ខ្ញុំឃើញកក្រើកហ្វេសប៊ុកពីការចូលរួមត្រៀមលក្ខណៈព្យុហយាត្រា។ ឃើញតាម TikTok តាមហ្វេសប៊ុកជាច្រើន។ ប៉ុន្តែ អ្វីដែលជាការកត់សំគាល់ គឺឃើញមានការចូលរួមគាំទ្រទៅដល់កងយោធពលខេមរភូមិន្ទ ការគាំទ្រទៅដល់យោធិន ពីសំណាក់មហាជន ជាពិសេសយុវជន។ នេះគឺជាមោទនភាពដែលយើងបានឃើញនូវការទទួលស្គាល់នូវគុណូបការៈ និងតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។ [ចប់សេចក្ដីអធិប្បាយ១] បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការ កងពលតូចលេខ៧០ ខ្ញុំសូមអបអរសាទរចំពោះ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក ស្មោះត្រង់របស់ថ្នាក់ដឹកនាំ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចលេខ៧០ កងទ័ពជើងគោក ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា…