សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ « អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower)»
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក-សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភានិង រាជរដ្ឋាភិបាលទាំងមូលជាទីមេត្រី!អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសហការីទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីសម្ពោធជាផ្លូវការ អគារធនាគារវីងថៅវើ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សមាជិកក្រុមប្រឹក្សាភិបាលធនាគារ, លោក-លោកស្រី ថ្នាក់ដឹកនាំ និង បុគ្គលិក ធនាគារធនាគារវីង ចំពោះសមិទ្ធផលថ្មីដែលបាននៅថ្ងៃនេះ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] អម្បាញ់មិញយើងក៏បានស្តាប់នូវរបាយការណ៍សង្ខេបរបស់អ្នកឧកញ៉ា គិត ម៉េង អំពីការវិវត្តន៍របស់ធនាគារ(ដែល)នៅក្នុងរយៈពេលដ៏ខ្លីបានដើរតួនាទីសំខាន់ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការចូលរួមពង្រឹងវិស័យធនាគារ។ (១) វិស័យធនាគារមានសារៈសំខាន់ណាស់ … (ប្រៀបបានដូច)ជាឈាម។ ពាក្យសាមញ្ញថា អត់លុយធ្វើអីក៏អត់កើតដែរ ប៉ុន្តែបើមានថវិកា/លុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ ឬយន្តការក្នុងការផ្គត់ផ្គង់និងការជួយចល័តចរន្តនេះ គឺវាលំបាកដែរ។ អញ្ចឹងធនាគារដើរតួនាទីសំខាន់ណាស់នៅក្នុងការប្រមូលផ្តុំធន និងការបង្វិលធនទៅគាំទ្រដល់ដំណើរសេដ្ឋកិច្ច។ អញ្ចឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធធនាគារគឺធានាសុខភាពរបស់សេដ្ឋកិច្ច … (ដោយអាចប្រៀបធៀបថា)ធនាគារគឺដូចបេះដូង…