សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនីបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ និងភរិយា មានសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវា–វប្បធម៌ជាតិ ៣ មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦» ប្រកបដោយបរិយាកាសរីករាយ ។ នេះ ជាលើកទី ២ ដែលខ្ញុំ និង ភរិយា បានចូលរួម ក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ លើសពីនេះ, ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាការពារ…