ប្រសាសន៍សំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចូលរួមឯកឧត្តមអភិបាល ថ្នាក់ដឹកនាំ ហើយជាពិសេស លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ! ខ្ញុំអរគុណ ចំពោះឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ ដែលបានរៀបចំជំនួបនៅទីនេះ។ អរគុណចំពោះរបាយការណ៍សង្ខេបអម្បាញ់មិញ អំពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្តនៅក្នុងការរៀបចំនូវមណ្ឌលសុវត្ថិភាពនៅទីនេះ ក៏ដូចជាកន្លែងផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង។ ឆ្លៀតឱកាសនេះ អរគុណចំពោះគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ អរគុណទៅដល់មន្រ្តីរាជការ សប្បុរសជន ដៃគូ អង្គការជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត ដែលបានទៅជួយឧបត្ថម្ភគាំទ្រទៅដល់ជនភៀសសឹករបស់យើង។ ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើថ្លែងអំណរគុណ ដឹងគុណចំពោះវីរកងទ័ព វីរនគរបាលជាតិរបស់យើង ដែលបានពលី របួស ក៏ដូចជាកំពុងឈរជើងនៅក្នុងបុព្វហេតុការពារទឹកដីរបស់យើង ហើយនៅទីនេះ បងប្អូនភាគច្រើន(ប្រហែល) ៩០% សុទ្ធតែជាគ្រួសាររបស់កងទ័ព របស់នគរបាលរបស់យើង ដែលឈរជើងការពារទឹកដីរបស់យើង។ (១) ដោយស្គាល់ច្បាស់សោកនាដកម្មសង្រ្គាម រាជរដ្ឋាភិបាលខិតខំរកវិធីបញ្ចប់សង្រ្គាម ស្ថានភាពនៅក្នុងរយៈពេល ៦ខែនេះ អ៊ំ ពូ មីង បងប្អូនទាំងអស់នៅទីនេះដឹងហើយ។ ប្រទេសយើងរងនូវឥទ្ធិពលអាក្រក់ពីសង្រ្គាមឈ្លានពាន ដែលវាបានបង្កើតអោយមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង របស់កងទ័ព…

