សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ពិធីបុណ្យសមុទ្រលើកទី១១ ខេត្តកំពត
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម(ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត)។ ថ្ងៃនេះ សូម្បីតែទេវតាក៏សប្បាយរីករាយជាមួយយើង (ដោយលោកបានបង្អុរភ្លៀង)ស្រោចស្រព។ ពីរឆ្នាំនេះ គឺដេញថ្ងៃចំតែថ្ងៃភ្លៀង។ ឆ្នាំទៅនៅកែប(ក៏ភ្លៀង)ថ្ងៃបើកដូចគ្នា ថ្ងៃ៣ ខែធ្នូ។ ថ្ងៃនេះនៅខេត្តកំពត(ក៏ភ្លៀង)។ តែភ្លៀងមិនអាចរារាំងនូវអ្វីដែលយើងធ្វើនោះទេ។ កែសម្រួលបន្តិចបន្តួចតែត្រជាក់ត្រជុំ។ ថ្ងៃនេះ ឯកឧត្ដម ថោ ជេដ្ឋា អត់មក។ គាត់ទាយត្រូវថ្ងៃនេះ។ ឆ្នាំទៅ ត្រូវមួយខុសមួយ។ ឆ្នាំនេះ ទាយត្រូវ។ គាត់ថាពីម៉ោង ៣មក គឺចាប់ផ្ដើមមានភ្លៀង។ អបអរសាទរឯកឧត្ដម ថោ ជេដ្ឋា។ (១) កំពង់ផែទឹកជ្រៅ និងផែទេសចរណ៍អន្តរជាតិ ជាសក្តានុពលថ្មីនៃខេត្តកំពត ខ្ញុំ(នឹងថ្លែង)ខ្លីទេ ដោយសារឯកឧត្ដម ម៉ៅ ធនិន និង (ឯកឧត្តម) ហួត ហាក់ និយាយអស់ហើយ។ ទី១ ពីសក្ដានុពលរបស់ខេត្ត។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមិទ្ធផលថ្មីៗដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ…