សុន្ទរកថាគន្លឹះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទ “អនាគតកម្ពុជា ដោយគ្មានអំពើប្រ ល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព”
លោកជំទាវ Alice Wairimu Nderitu, អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍;លោកជំទាវ Dr. Beth Van Schaack, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុកយុត្តិធម៌ឧក្រិដ្ឋកម្មសកល;ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេក ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និង ការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរ´ភូមិន្ទ និង មជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លានេះ ដើម្បីលើកកម្ពស់ការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ វត្តមានរបស់យើងនៅថ្ងៃនេះ គឺជាការបង្ហាញពីការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់ អ.វ.ត.ក. ដែលបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និង អ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍។ សាលាក្តីកូនកាត់មួយនេះ បានឆ្លុះបញ្ចាំងពីភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការ-ប្រឈមមុខនឹងអតីតកាលដ៏សែនលំបាក ដោយមានការគាំទ្រពីប្រទេសជាមិត្ត ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ។ យើងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះការគាំទ្រ, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ,…