សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល; ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជា; គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធីទាំងមូល និងជនរួមជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលត្រូវបានរៀបចំ​ដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាពេលកន្លងមក​ ក្រោម ការដឹកនាំនិងសម្របសម្រួលរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់​ និងដែលត្រូវបានអនុម័តដោយរូបខ្ញុំ កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី! ប្រទេសកម្ពុជា ធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្រ្ត, សិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្ដាលសតវត្សរ៍ទី១៩។ កាលនោះ, ច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្រ្ត ឬក្រមព្រះធម្មសាស្រ្ត ដែលមានឧត្តមានុភាពគ្របដណ្តប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ…