សុន្ទរកថា និងការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ មជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ
អរគុណសន្តិភាព!អរគុណនយោបាយឈ្នះ–ឈ្នះ!ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ–ឈ្នះដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;សេនានុព័ន្ធ អនុព័ន្ធយោធានានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ» ជាមួយនឹង «ការអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥» ។ ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ចារឹក និង ចងចាំនូវ គុណូបការៈ, ការតស៊ូ, ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សា សន្តិភាព, សន្តិសុខ, សណ្តាប់ធ្នាប់សង្គម ព្រមទំាងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយជាដើម។ ផ្អែកតាមរបាយការណ៍សង្ខេបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍…