សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី « បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤ »

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រតិភូអប់រំយុវជន និងកីឡា រាជធានី/ខេត្ត តំណាងដៃគូអភិវឌ្ឍ អង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយ ដែលបានចូលរួមក្នុង “ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤” បន្ទាប់ពីបានដំណើរការដោយរលូនក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ និងបានដាក់ចេញនូវវិធានការសម្រាប់បន្តអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំបន្តបន្ទាប់ទៀត ក្នុងគោលដៅ អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏ដូចជាអនុសាសន៍ទាំង ៤ ចំណុច ដែលខ្ញុំបានដាក់ចេញនៅក្នុងអង្គប្រជុំលើកទី១ នៃគណៈរដ្ឋមន្ត្រី ក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សារួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងទី៤.…