សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ។ កម្មវិធីពិសេសនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ដោយឥតងាករេ ក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីការចូលកាន់តំណែងរបស់ខ្លួន រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់អំពីការបន្តធ្វើដំណើរយ៉ាងស្វាហាប់របស់កម្ពុជា ដោយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវលទ្ធភាពធនធានដែលខ្លួនមាន ដើម្បីសម្រេចនូវគោលបំណងគោលនយោបាយ និងចក្ខុវិស័យរបស់ខ្លួន ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើការសិក្សា និងរៀបចំបានមកនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤», ក្នុងរយៈពេលដ៏ខ្លី តែប្រមាណ ១ ខែប៉ុណ្ណោះ តាមការណែនាំរបស់ខ្ញុំ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅនេះ ។…