សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីទី៥និងទី៦នៃ កម្មវិធីគោលនយោបាយអាទិភាព៦ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី តំណាងវិស័យឯកជនអង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនាពេលនេះ។ កម្មវិធីអាទិភាពទី៥ និងទី៦ គឺជាកម្មវិធីចុងក្រោយនៅក្នុងកម្មវិធីអាទិភាព៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំនិងប្រកាសដាក់ឲ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មាការគោលនយោបាយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារ ក៏ដូចជាគ្រប់បណ្តាស្ថាប័នក្រសួងទាំងអស់ ដែលបានរួមគ្នា រៀបចំចេញជាគោលនយោបាយ និងដាក់ឲ្យអនុវត្ត (ក្នុងពេល)មិនដល់៩០ ថ្ងៃផង។ នៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលគ្រប់៩០ ថ្ងៃ។ យើងគិតថា deadline សំរាប់គោលការណ៍នេះគឺនៅមុនដំណាច់ឆ្នាំ២០២៣ ប៉ុន្តែយើងបានរួមគ្នាគិតគូរនិងខិតខំធ្វើកិច្ចការនេះយូរមកហើយៗ (ទីបំផុត)បានចេញជារូបរាងនៅក្នុងដំណាក់កាលដែលមិនដល់៩០ ថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានផ្តួចផ្តើមគោលគំនិតមួយចំនួន រួមទាំងកិច្ចការងារពាក់ព័ន្ធវិស័យកសិកម្មនេះ ដែល(ជួយអោយ)យើងអាចរៀបចំការត្រៀមលក្ខណៈ និងជាមូលដ្ឋានដែលយើងបានកសាងក្នុងរយៈពេល ៤០ឆ្នាំមកនេះ ធ្វើកំណែទម្រង់និងការពង្រឹងបន្តសម្រាប់អាណត្តិទី៧ នេះ។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមអបអរសាទរ…