សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំងឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦%…