សារសម្លេងពិសេស របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងមរណភាពរបស់និស្សិតខ្មែរមួយរូប ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ជូនចំពោះបងប្អូនជនរួមជាតិជាតីមេត្រី! រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពនិស្សិតខ្មែរ ដែលទទួលរងគ្រោះក្នុងហេតុ​ការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា ២០២៣ កាលពីម្សិលមិញនេះ។ តាំងពីសភាពការណ៍ផ្ទុះឡើងនៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើការធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ជាលទ្ធផល​ នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរយើងបានភាគច្រើន និងបានកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣ រូប នៅក្នុងចំណោម ៤ រូប ដែល ១ នាក់ បានស្លាប់ នៅសល់ ៣ រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាល​ក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានវត្ដមាននៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ​ មកដល់ម៉ោងនេះជាមួយដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ។ ទី ២ គឺទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះទាំងនិស្សិត ទាំងបងប្អូនផ្សេង ធ្វើយ៉ាងណាយើងអាចទាក់ទង​និងដឹងសុខទុក្ខរបស់គាត់ និងអាចផ្ដល់នូវការសហការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលជួយគាត់ក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ពួកគាត់​។ ទន្ទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលមានវត្ដមាននៅអ៊ីស្រាអែលជាថ្មីម្ដងទៀត ធ្វើយ៉ាងណារក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្ដាប់…