សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី « បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥»
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា,សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា;គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ មន្រ្តីរាជការ, បណ្តាដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥» បន្ទាប់ពីបានដំណើរការដោយរយៈពេល ៣ ថ្ងៃ កន្លងទៅនេះ។ អង្គសន្និបាតប្រចាំឆ្នាំនាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេស ការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។ តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ…