សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤

[ផ្ដើមសេចក្ដីអធិប្បាយ១] សួស្ដីអ្នកទាំងអស់គ្នា! មាននរណាអត់បានគេងទេយប់មិញ? ឬមួយក៏យល់សប្តិឃើញរត់ដូចខ្ញុំដែរ? Good morning, everyone! I hope everyone has a good rest. I hope no one dreams about running like myself. [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមក្នុងពិធីបើក​ “ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤” ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយដ៏ធំប្រចាំឆ្នាំនៅលើទឹកដីអង្គរនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​សូមថ្លែងអំណរគុណ អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមរត់ប្រណាំង ដើម្បីគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ និងគាំទ្រដល់សកម្មភាពសប្បុរសធម៌ ជា​ពិសេស ការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន … ខ្ញុំសូមកោតសរសើរ​ចំពោះ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដៃគូសហការ និងតួអង្គពាក់ព័ន្ធ​​ទំាងអស់ដែលបាន​ខិតខំ​អស់កម្លាំងកាយចិត្ត ​ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះបានយ៉ាងទៀងទាត់  ហើយកាន់តែមាន​ប្រជាប្រិយភាពឡើង  ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ទឹកដីអង្គរដ៏ពិសិដ្ឋ គឺ​ជាបេតិកភណ្ឌ នៃមនុស្សជាតិ និងជារតនសម្បត្តិដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរយើង។ នេះពិតជាមោទនភាពរបស់យើង ដែលបានទទួលស្វាគមន៍អត្តពលិកជាតិ…