សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាលលោកជំទាវ Dato’ Tiffanee Marie Lim ប្រធានក្រុមផ្សព្វផ្សាយសាកលវិទ្យាល័យ លីមកុកវីងគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង ក៏ដូចជាក្រុមគ្រួសារ និងអាណាព្យាបាលរបស់សិស្សទាំងអស់ ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) អបអរសាទរជាមួយនិស្សិតជ័យលាភី និងអរគុណដល់ក្រុមគ្រួសារ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានបានមកចូលរួមអបអរសាទរជាមួយនឹងនិស្សិតជ័យលាភី ទាំង ៥៤០ នាក់ ដែលជាអ្នកទទួលបញ្ចប់ការសិក្សាពីឆ្នាំ ២០២១,២០២២ និង ២០២៣។ ជាដំបូង (ទី១)ខ្ញុំសូមអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលបានសម្រេចភារកិច្ច និងទទួលបញ្ចប់ការសិក្សាមួយជំហាន។ អារម្មណ៍ថ្ងៃនេះ ប្រហែលជារំភើប ដោយគិតថាប្រហែលជាអត់មានតេស្ដ អត់មាន homework អីទៀតទេ។ (អារម្មណ៍នេះ) យ៉ាងហោចបានមួយរយៈ។ ការរៀនសូត្រគឺជាកាតព្វកិច្ចដែលយើងត្រូវបំពេញ វាមិនខុសពីការរៀនជាផ្នែកមួយនៃជីវិត ដែលយើងចាប់ផ្ដើមតស៊ូមកដល់ពេលនេះ គឺធានានូវជោគជ័យប៉ុន្តែត្រូវការការតស៊ូ។ ការបញ្ចប់ការសិក្សាមួយកំរិតទៀតនេះ បានន័យថាកាតព្វកិច្ចមួយត្រូវបានបញ្ចប់ យកជាមូលដ្ឋានទៅបំពេញកាតព្វកិច្ចផ្សេងៗទៀត … ទី២…