សុន្ទរកថា និងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្ដាញសាកលវិទ្យាល័យ សាយប័រកម្ពុជា សមិទ្ធផលបណ្ដុះបណ្ដាល និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តម លោកជំទាវ សមាជិ​ក ព្រឹទ្ធសភា រដ្ឋសភា សមាជិកា រាជរដ្ឋាភិបាល គណៈអ​ធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំមន្រ្តីរាជការ​​ សាស្រ្តាចារ្យបុគ្គលិកសិក្សា នៃបណ្តាញសាកលវិទ្យាល័យ CYBER កម្ពុជា បងប្អូននិសិត្ស និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួម កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាប័រកម្ពុជានិង​សមិទ្ធផលនានា ក្នុងការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] (១) អ្វីដែលធ្លាប់តែឃើញផលិតនៅក្រៅប្រទេស ពេលនេះអាចធ្វើខ្លួនឯងបានច្រើនខាងផ្នែកបច្ចេកវិទ្យា ទោះមិនទាន់មានទ្រង់ទ្រាយពាណិជ្ជកម្ម សូមអភ័យទោសផង ដែលចាប់ផ្តើមរាងយឺតបន្តិចដោយសារតែរវល់តែជក់ចិត្តមើលនូវសមត្ថភាព និងសមិទ្ធផលដែលបណ្តាសាកលវិទ្យាល័យមួយចំនួនបានបង្ហាញនៅខាងក្រោម។​ ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រសួងអប់រំក៏ដូចជាបណ្តាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួនជាពិសេសផ្នែកវិទ្យាសាស្រ្តនេះ … និយាយរួមគឺអ្វីដែលយើងធ្លាប់តែឃើញផលិតនៅក្រៅប្រទេស ឥឡូវយើងធ្វើខ្លួនឯងបានច្រើន។ ទោះបីភាគច្រើន​​​មិនទាន់មានលទ្ធភាពទៅជាផ្នែកពាណិជ្ជកម្មធំក៏ដោយ ប៉ុន្តែយើងអាចធ្វើច្រើនខាងផ្នែកបច្ចេកវិទ្យានេះ។ [បញ្ចប់សេចក្តីអធិប្បាយ ១] ជាដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការ ដែលបានរួមជាមួយគ្នានៅក្នុងការបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីនេះ។ ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ…

សុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ក្រោមប្រធានបទ “ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត៖ ​ដំណើរ​ទៅអនាគត” (ថ្លែងជាភាសាអង់គ្លេស)

ឯកឧត្តម​រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ភ្ញៀវ​កិត្តិយស និងដៃគូសន្ទនារបស់អាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួម​បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅក្នុងឆ្នាំ២០២៤។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានមកកាន់ទីក្រុងអង្គរដែល​ជា​ទីក្រុង​បុរាណដ៏ស្រស់ស្អាតរបស់យើង។ ទីក្រុងអង្គរ​ គឺជា​ភស្តុតាងជាក់ស្តែង​​ នៃការ​ប្រើប្រាស់​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី​កសាងអច្ឆរិយៈពិភពលោក និងប្រាង្គប្រាសាទ​ដ៏អស្ចារ្យជាច្រើន ដែលនៅបន្ត​គង់វង្ស​អស់រយៈកាល​ ១០០០ ឆ្នាំ ​ ហើយក៏នឹងនៅតែបន្ត​ស្ថិតស្ថេរ​តទៅអនាគតខាងមុខ សម្រាប់មនុស្សជាតិទាំងមូល។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល​ គឺ​ជាសសរស្តម្ភដ៏សំខាន់​ ដែល​​ទ្រទ្រង់​វឌ្ឍនភាពរបស់មនុស្សជាតិ ជួយ​ផ្តល់ជា​ដំណោះស្រាយផ្សេងៗ ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អ​ប្រសើរ និងងាយស្រួលជាងមុន​ និងបានជួយ​​​ពង្រីកវិសាលភាព និងលទ្ធភាពនៃ​ការ​​គ្រប់គ្រង​របស់​មនុស្សជាតិ​ ទៅ​លើ​សង្គម ធម្មជាតិ និងភពផែនដីរបស់យើង។ យើងបាន​ឆ្លងកាត់​រលក​ជាច្រើន​ នៃការជឿនលឿន​ផ្នែក​​បច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរ​ទាំងស្រុង​នូវមូលដ្ឋាន​ឧស្សាហកម្ម ទិដ្ឋភាព​សង្គម បូករួមទាំង​ឥរិយាបថរបស់មនុស្សជាតិ​។ ជាមួយ​នឹង​ការរីកចម្រើន…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ សម្ពោធអគារតេជោសែននៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈអធិបតី និងអង្គពីធីសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មកពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន នាពេលនេះ។ ថ្ងៃនេះគឺយើងបានសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារដ៏ស្គឹមស្កៃនេះផងដែរ ដែលជានិមិត្តរូបនៃការដំណើរទៅមុខរបស់យើង។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ជាពិសេស នៅឆ្នាំ២០២៣ ដូចជា ការពង្រីកវិសាលភាពការងាររបស់ក្រសួង តាមរយៈការផ្លាស់ប្តូរឈ្មោះពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម…