សុន្ទរកថា និងប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ក្នុងពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

អរគុណសន្តិភាព! កីឡារស់នៅក្នុងសន្តិភាព! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈអធិបតី ជាពិសេស បងប្អូនកីឡាករ/ការិនី អត្តពលិកជាតិ អង្គពិធីទាំងមូល និងបងប្អូនយុវជន ក្មួយៗទាំងអស់ដែលចូលរួមកម្មវិធីថ្ងៃនេះ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមក្នុង «ពិធីបើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២» នាពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ] ថ្ងៃនេះ សូម្បីតែទេវតាក៏អបអរសាទរជាមួយយើងដែរ។​ ត្រជាក់ត្រជុំ ជោគជាំ។ អរគុណចំពោះការរៀបចំដែលយើងបានធ្វើថ្ងៃនេះ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារបស់យើង។ កម្ពុជារួមគ្នាក្នុងសម័យសន្តិភាព។ នេះជាលើកទីពីរហើយដែលខ្ញុំបានចូលរួមនៅក្នុងកម្មវិធីរៀបចំឡើងផ្ទាល់ ដែលមានទ្រង់ទ្រាយធំក្រោយពីកីឡាស៊ីហ្គេមលើកទី៣២។ សូមអរគុណទៅដល់បងប្អូនសិល្បករ/ការិនី ដែលបានចូលរួមក្នុងកម្មវិធីសម្ដែងបើកថ្ងៃនេះ។ [បញ្ចប់សេចក្ដីអធិប្បាយ] ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ នៅក្នុងការលើកកម្ពស់វិស័យកីឡាជាតិ នាពេលបច្ចុប្បន្ននេះ ឱ្យមានការរីកចម្រើនគួរជាទីមោទនៈ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ទិសទី…