សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងខណ្ឌដង្កោនិងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា, សមាជិក/សមាជិការាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់រាប់អាន! (១) រីករាយបានជួបកម្មករ/ការិនី ១៨ ពាន់នាក់ ពី ២០ សហគ្រាស/រោងច្រកនៅរាជធានី ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នា និង(ចំថ្ងៃបុណ្យដាក់)បិណ្ឌទី៤ … មេឃស្រទុំ ប៉ុន្តែចាំងភ្នែក ព្រោះសម្បូរអ្នកញញឹមមានដាំពេជ្រលើធ្មេញ។ ពីជំនាន់ដើម​គេដាំមាស។ ជំនាន់យាយខ្ញុំអី សុទ្ធស្រោបមាស … អរគុណចំពោះការស្វាគមន៍រាក់ទាក់នៅព្រឹកនេះ។ អរគុណបងប្អូន ដែលខ្លះមកតាំងពីម៉ោង ៣-៤(ភ្លឺ) ហើយបងប្អូនខ្លះមិនបានទាំងសម្រាកស្រួលផង។ អរគុណក្រសួងការងារ អាជ្ញាធរដែនដី ដែលបានរៀបចំព្រឹកនេះ និងនិយោជក បងប្អូនកម្មករ និយោជិត ដែលបានចូលរួមច្រើនកុះករ។ យើងមានជាង ១៨ ០០០ នាក់ មកពី ២០ សហគ្រាស រោងចក្រនៅរាជធានីភ្នំពេញ។ អរគុណចំពោះម្ចាស់ទីតាំង ដែលបានផ្ដល់កន្លែងនេះ ក៏ដូចជាក្រុមហ៊ុន/សហគ្រាសទាំងអស់…