សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជជែកជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងផ្តល់យោបល់ឱ្យអ្នកជំនាញអាមេរិក និងម៉ាឡេស៊ី ប្រើវិធីសាស្ត្រនានា ស្វែងអ្នកផ្តើមបង្កសង្គ្រាមកាលពីថ្ងៃទី៧ ខែធ្នូ

ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ ខ្ញុំបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី

[ផ្ដើមសេចក្តីអធិប្បាយ១] អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់​។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់! ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង…