សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនាវានុវត្តន៍»
ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ម៉ាសាតស៊ូហ្គុ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម,លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ អង្គពិធីទាំងមូល! ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅទីក្រុងគុនមិញដ៏ស្រស់ស្អាតនាពេលនេះ។ កម្ពុជាសូមគាំទ្រមូលបទនៃកិច្ចប្រជុំកំពូល លើកទី៨នេះ ដែលផ្តួចផ្តើមរួមគ្នាដោយសាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលស្របទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារួមរបស់យើងក្នុងការកសាងមហាអនុតំបន់មេគង្គ ប្រកបដោយសមាហរណកម្ម វិបុលភាព ចីរភាព និងបរិយាប័ន្ន។ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកចុងក្រោយរបស់យើង កាលពីខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហាអនុតំបន់មេគង្គបន្តប្រឈមនឹងបញ្ហានានា ដែលបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ ការគំរាមកំហែងដល់ពាណិជ្ជកម្មសេរី និងនិន្នាការគាំពារនិយម។ ទន្ទឹមនឹងនេះ ហានិភ័យផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏បានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ ដល់ប្រទេសជាសមាជិកមួយចំនួនក្នុងអនុតំបន់ ព្រមទាំងបានជះឥទ្ធិពលដល់កំណើនសង្គម-សេដ្ឋកិច្ចរបស់យើងផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ប្រទេសនៃមហាអនុតំបន់មេគង្គ បានបន្តបង្ហាញនូវភាពធន់ក្នុង ការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដោយទទួលបានលទ្ធផលផ្លែផ្កាដូចដែលបានរៀបរាប់នៅក្នុង «របាយការណ៍ស្តីពីសមិទ្ធផលថ្មីៗ…