សុន្ទរកថា និងសេចក្តីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ចុះ ““បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក”
[ចាប់ផ្តើមសេចក្តីអធិប្បាយ] មុននឹងថ្លែងសុន្ទរកថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល សូមមេត្តាក្រោកឈរបន្តិច ដើម្បីយើងធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សូមអង្គពិធីទាំងមូលសង្រួម។ បាទសូមអរគុណ។ ត្រូវ MC អ្នកហៅ ប៉ុន្តែ MC មេក្រូអត់ឮ ខ្ញុំហៅជំនួសចុះ។ [ចប់សេចក្តីអធិប្បាយ] ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូន–ជនរួមជាតិ សិស្សានុសិស្ស ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំនិងភរិយា មានមោទនភាព និងសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រជាតិយើង។ ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈ សមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួង…