សារពិសេសរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បងប្អូនជនរួមជាតិជាទីស្រលាញ់! ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ខណ:ដែល ការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និង គិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃបានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះរហូតដល់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរអោយគេដើម្បីប្ដូរយកបទឈប់បាញ់ឬ កិច្ចព្រមព្រៀងសន្តិភាព។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ…