សេចក្ដីថ្លែងការណ៍ពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ដីពី ”សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”
សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូនជនរួមជាតិជាទីស្នេហា! ថ្ងៃនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានចាប់បដិសន្ធិជាផ្លូវការ។ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហរទ័យ តែងតាំងរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន បានយ៉ាងល្អប្រសើរ ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល១២ខែកន្លងទៅនេះ។ ចាប់តំាងពីថ្ងៃដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ នូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល១២ខែកន្លងមកនេះ ក៏ដូចជាវិធានការ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងស្រុក…