សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្ដាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ្ឌ-ប៉ោយប៉ែត)

ឯកឧត្តម  អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​គណអធិបតី ភ្ញៀវកិត្តយស លោកគ្រូអ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល បងប្អូនជនរួមជាតិជាទីស្រលាញ់រាប់អាន។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះខ្ញុំមានកិត្តិយសនៅក្នុងការចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅបាត់ដំបង ដែលមានប្រវែង ២៤៦ គីឡូម៉ែត្រ និងពិធីបើកការដ្ឋានកសាងផ្លូវជាតិលេខ ៥ ពីសិរីសោភណ្ឌទៅប៉ោយប៉ែត ដែលមានប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសមទានពីរដ្ឋាភិបាលជប៉ុន។​ ក្តីសប្បាយរីករាយទី១ គឺ បានជិះសាកលើផ្លូវ(ក្នុងដំណើរ)មក។ កាលដែលខ្ញុំប្រើផ្លូវនេះចុងក្រោយ គឺមុននឹងការបញ្ចប់ការកសាង។ នៅមានកំណាត់ខ្លះមិនទាន់(ធ្វើ)ទេ។ អញ្ចឹងបានជាក្នុងដំណើរព្រឹកមិញ គេបាន calculate ខុស មកដល់មុនម៉ោង។ លឿនពេក។ ដំបូងគ្រោងថាម៉ោង ៦ និង ៣០នាទី ចេញមក ហើយនឹងមកដល់នេះ ក្នុងរយៈពេលចរ ១ ម៉ោង ៥នាទី។ អញ្ចឹង delay បន្តិច។ ម៉ោង ៦និង ៤០នាទី…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកព្រៃឈរ និងកំពង់សៀម ខេត្តកំពង់ចាម

(១) កម្មវិធីជួបជាមួយបងប្អូនកម្មករ/ការិនីលើកទី៦ នៅខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានមកជួបជាមួយនឹងបងប្អូននៅខេត្តកំពង់ចាម។ លើកទីមួយហើយ ក្រោយដែលរដ្ឋាភិបាលថ្មីបានបង្កើតឡើង បានមកជួបអ្នកកំពង់ចាម។ តាមពិត ពីមុនបោះឆ្នោត ពីឆ្នាំ២០១១មក ខ្ញុំបានចុះជួបច្រើន ព្រោះមូលដ្ឋានការងាររបស់ខ្ញុំ គឺនៅខេត្តកំពង់ចាម តាំងពីមុនត្បូងឃ្មុំមិនទាន់កើតជារូបរាងពីឆ្នាំ២០១១។ នេះក៏ជាកម្មវិធីលើកទី៦ ជួបជាមួយនឹងបងប្អូនកម្មករកម្មការិនី ក្រោយពីរដ្ឋាភិបាលថ្មីបង្កើតឡើង។ ខ្ញុំសប្បាយរីករាយបានជួបជាមួយបងប្អូន។ អ្នកខ្លះមកតាំងពីម៉ោង១ តាមខ្ញុំដឹង។ បងប្អូនខ្លះមិនគេងទេ … មានប្អូនស្រីម្នាក់ថា “ខ្ញុំសុំថតមួយផ្ញើម៉ែ”។ មានប្អូនមួយទៀតប្រាប់ថា “កូនខ្ញុំប្រាប់ថា​ មក ត្រូវតែថត” … ជាការសប្បាយរីករាយណាស់។ មិនដឹងម៉េច ៦កម្មវិធីនេះ ឱ្យតែមុនជួបបងប្អូន កម្មករ កម្មការិនី គឺអត់ដែលគេងមុនម៉ោង ២ទេ។ ដូចជារំភើបឬយ៉ាងម៉េច … អ្នកទូរទស្សន៍បើថត ថ្ងៃក្រោយវាយ color ម៉េចឱ្យក្មេងផង … ទើបឡើង ៤៦ ឆ្នាំផង។ ហេតុអ្វីបានជាក្មេង? ទី១ លាបសក់។ តែអត់លាប ចាស់ហើយ។ តែទី២ ឧស្សាហ៍បានថ្នាំប៉ូវធម្មជាតិ…