សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម ឯកអគ្គរាជទូត អគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និង និស្សិតជ័យលាភីទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ថ្ងៃល្អមួយ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ២ ខ្នង, និង ពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាឱកាសនេះ ។ យើងពិតជាមានមោទនភាព ដោយសារយើងទទួលបានធនធានមនុស្សបន្ថែម សម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ។ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និង កោតសរសើរចំពោះនិស្សិតជ័យលាភី ដែលបានខិតខំ, អត់ធ្មត់, ឆ្លងកាត់ការសិក្សា រហូតទទួលបានជោគជ័យគួរជាទីមោទនៈ នាពេលនេះ ។ សមិទ្ធផលនេះ កំពុងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ប្អូនៗ ក្នុងការចូលរួមថែរក្សាសុខភាព និង ការពារជីវិតរបស់ប្រជាពលរដ្ឋ…

