សុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ក្រោមប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត៖ ដំណើរទៅអនាគត” (ថ្លែងជាភាសាអង់គ្លេស)
ឯកឧត្តមរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ភ្ញៀវកិត្តិយស និងដៃគូសន្ទនារបស់អាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅក្នុងឆ្នាំ២០២៤។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានមកកាន់ទីក្រុងអង្គរដែលជាទីក្រុងបុរាណដ៏ស្រស់ស្អាតរបស់យើង។ ទីក្រុងអង្គរ គឺជាភស្តុតាងជាក់ស្តែង នៃការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងអច្ឆរិយៈពិភពលោក និងប្រាង្គប្រាសាទដ៏អស្ចារ្យជាច្រើន ដែលនៅបន្តគង់វង្សអស់រយៈកាល ១០០០ ឆ្នាំ ហើយក៏នឹងនៅតែបន្តស្ថិតស្ថេរតទៅអនាគតខាងមុខ សម្រាប់មនុស្សជាតិទាំងមូល។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាពរបស់មនុស្សជាតិ ជួយផ្តល់ជាដំណោះស្រាយផ្សេងៗ ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន និងបានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិ ទៅលើសង្គម ធម្មជាតិ និងភពផែនដីរបស់យើង។ យើងបានឆ្លងកាត់រលកជាច្រើន នៃការជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរទាំងស្រុងនូវមូលដ្ឋានឧស្សាហកម្ម ទិដ្ឋភាពសង្គម បូករួមទាំងឥរិយាបថរបស់មនុស្សជាតិ។ ជាមួយនឹងការរីកចម្រើន…