សុន្ទរកថានិងសេចក្ដីអត្ថាធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ឯកឧត្តម វ៉ាង យូបូ អភិបាលខេត្ត  យូណាន នៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធី និងបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ, ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម វ៉ាង យូបូ និង ឯកឧត្តម វ៉ាង វិនធាន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានជួយជំរុញវិនិយោគិនចិនឱ្យចូលរួមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានផ្តល់នូវជំនួយឥតសំណង និងកម្ចីសម្បទានឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ ការសាងសងហេដ្ឋរចនាសម្ព័ន្ធទាំងផ្នែកទន់ ទាំងផ្នែករឹងរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការវិនិយោគលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង។ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានសម្រេចបន្តយក មនុស្សជាអាទិភាពគន្លឹះទី ១ ហើយផ្លូវ ទឹក ភ្លើង…