សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត”
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផតគណៈធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយជាអនេក ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកដំណើរការ អាជីវកម្ម ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត, ស្ថិតនៅភូមិគីឡូ ១២, សង្កាត់កោះតូច និង សង្កាត់បឹងទូក, ក្រុងបូកគោ, ខេត្តកំពត ដ៏អធិកអធមនៅថ្ងៃនេះ ។ ជាដំបូង, ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត, ក្រសួង-ស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផលកំពង់ផែពហុបំណងកំពតនេះ ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកំពតផត ដែលបានជឿជាក់…