សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួម ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍”។ [ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញរៀបចេញមក ប្រពន្ធសួរថ្ងៃនេះពាក់អាវស្រស់ម្ល៉េះ? ខ្ញុំថា ទៅបិទសន្និបាតប្រចាំឆ្នាំទេសចរណ៍ ត្រូវតែស្រស់អញ្ចឹង។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានចំណាយពេល ចូលរួមក្នុងសន្និបាតនេះ។ សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក ។ ខ្ញុំជឿជាក់ថា…