សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី «សម្ពោធអគារសិក្សានិងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ»

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ឯកឧត្តមអភិបាលខេត្តថ្ងៃនេះគាត់សប្បាយរីករាយខុសពីធម្មតា។ (បានមកចូលរួម)កម្មវិធីច្រើននៅពោធិ៍​សាត់ ប៉ុន្តែអត់ដែលឃើញគាត់សប្បាយដូចថ្ងៃនេះ។ ប្រហែលជានៅកន្លែងនេះ ជាទឹកដីដែលគួរឱ្យអបអរ។ ថ្ងៃនេះ យើងមកសម្ពោធសមិទ្ធិផលដាក់ឱ្យប្រើប្រាស់អគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ សូមអរគុណឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ៊ំ ពូ មីង បងប្អូន ទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។ អម្បាញ់មិញ បានសួរអ៊ំៗ ខ្លះ ថាបានមកតាំងពីម៉ោង២ តែនៅកម្លាំងពេញរស់រវើក។ មិនត្រឹមតែអភិបាលខេត្តទេ ប្រជាពលរដ្ឋក៏គាត់សប្បាយរីករាយ។ រំភើបពេក សូម្បីតែទូរស័ព្ទក៏គាំងថត។ យើងសប្បាយរីករាយចូលរួមអបអរសាទរសមិទ្ធិផលដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនប្រជាពលរដ្ឋនៅទីនេះ។ (១) បើគ្មាននយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន វាលវែងនៅតែជាទីលានសង្គ្រាម មើលប្រវត្តិស្តីពីទីនេះ យើងកាន់តែមានសេចក្ដីរំភើបទៅទៀត។ យើងគិតថាសាលានៅទីនេះ ប្រហែលជាមានអីអស្ចារ្យ ដូចសាលានៅទីរួមខេត្ត មានអគារ ទីធ្លា បរិស្ថានល្អ … តែកុំភ្លេចថាពីមុនទីនេះជាកន្លែងសង្គ្រាម ដែលទើបនឹងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៧។ យើងបានប្រែក្លាយទីនេះពីវាលរហោឋាន សមរភូមិប្រយុទ្ធគ្នា…