សន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ »
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនានា ប្រចាំកម្ពុជា; លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC; គណៈអធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូវិនិយោគ អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិ ជាទីរាប់អាន! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ» ដ៏អធិកអធម នាពេលនេះ។ រាជរដ្ឋាភិបាល មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស, ពិតជាមានមោទនភាពក្រៃលែង ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាតភា្ជប់កម្ពុជា ជាមួយសកលលោកទាំងមូល។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សបញ្ជាក់អំពីការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ, ជាពិសេស វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលបាន និងកំពុងតភ្ជាប់កម្ពុជាជាមួយបណ្តាប្រទេសនានា ក្នុងតំបន់ និងសកលលោក កាន់តែធំទូលាយជាងមុន…