សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទស្ទឹងបើកការដ្ឋានសាងសង់ទំនង់វារីអគ្គិសនី ស្ទឹងតាតៃលើ (អានុភាព ១៥០ មេហ្គាវ៉ាត់)

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោក Han Xiaojun ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group Co., Ltd និងសហការីគណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្រលាញរាប់អាន! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] … បើថាកក់ក្ដៅក៏មិនត្រូវដែរព្រោះរងា ខែកត្ដិក ហើយនៅលើកំពូលភ្នំ។ ឃើញបងប្អូនមកសុទ្ធតែអាវរងា … ទោះជាយ៉ាងណា ថ្ងៃនេះគឺសប្បាយរីករាយណាស់ដែលយើងបានមកជួបជុំគ្នា ជាពិសេសនៅក្រោយព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្ដែតប្រទីប អកអំបុក ប្រពៃណីជាតិយើង ដែលទើបនឹងបញ្ចប់ទៅដោយសប្បាយរីករាយ ហើយប្រជាពលរដ្ឋរបស់យើងរាប់លាននាក់ចូលរួម។ នៅតាមបណ្ដាខេត្តក៏មានការរៀបចំ(ប្រណាំងទូក)។ កោះកុងមានរៀបចំបណ្ដែតប្រទីប(ផងដែរ)។ អរគុណចំពោះការរៀបចំនៅព្រឹកនេះ ចំពោះការចូលរួមដ៏ច្រើនកុះករ ហើយជាពិសេសអ៊ំ ពូមីង ដែលអញ្ជើញមកតាំងពីម៉ោង៣ ដើម្បីអបអរសាទរនូវសមិទ្ធផលនៅថ្ងៃនេះ។ [ចប់សេចក្ដីអធិប្បាយ១] ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពកៃ្រលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីជ្រុំ និងឃុំតាទៃលើ ស្រុកថ្មបាំង…