សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធ​យុវជនកម្ពុជា ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ នៅពេលនេះ។ ក្នុងនាមជាប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមអរគុណ​ ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារបន្ត ហើយខ្ញុំក៏សូមអរគុណចំពោះគណៈកម្មការរៀបចំ ដែលបានចាត់ចែងសម្របសម្រួលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកប​ដោយ​ភាពជោគជ័យគួរជាទីមោទនៈ។ ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែល ស.ស.យ.ក. សម្រេចបានរយៈកាលកន្លងមក ដូចដែល ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. អម្បាញ់មិញនេះ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការ​គ្នាយ៉ាងជិតស្និទ្ធរបស់បងប្អូនយុវជនយើងពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញភារកិច្ចរៀងខ្លួនៗ ក្រោម​ស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរឆ្ពោះទៅការចូលរួម​ជ្រោង​ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនជាទីស្នេហានៃយើង។ ជាមួយគ្នានេះដែរ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធ «សមិទ្ធផលនានានៅតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ”

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធស​ភា រដ្ឋសភា និងរាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ​​ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី! (១) នយោបាយឈ្នះឈ្នះ ប្រែក្លាយសមរភូមិប្រយុទ្ធទៅជាការបង្រួបបង្រួមជាតិ និងដោះស្រាយវិវាទដីធ្លី ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយដែលបានចូលរួមអបអរសមិទ្ធផលធំធេងនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ​​។ កន្លែងនេះសម្បូរភ្លើង។ គ្រាន់តែចុះយន្តហោះមកដូចគេបើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ នៅភ្នំ​ពេញ មិនសូវរងា។ នៅបឹងជង្រុក បើកម៉ាស៊ីនត្រជាក់ចោលតែម្ដង។ សុខចិត្តពាក់អាវរងា។ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនព្រះ​តេជព្រះគុណដែលគង់ក្នុងភូមិនេះ ក៏ដូចជាលោកតា លោកយាយ អ៊ំ ពូមីង បងប្អូនទាំងអស់។ តាមពិត កន្លែងនេះ មុននឹងកូវីដ-១៩ សម្ដេចតេជោមកសម្ពោធ(ទេតើ) ព្រោះនេះជាស្នាដៃនៃការដោះស្រាយនយោបាយឈ្នះឈ្នះ ២តង់នៅកន្លែងនេះ។ នយោបាយឈ្នះឈ្នះមួយតង់ដំបូង គឺប្រែក្លាយពីសមរភូមិនៃការវាយគ្នាទៅជាកន្លែងការបង្រួបបង្រួម។ នយោបាយឈ្នះឈ្នះមួយទៀត គឺដោះស្រាយវិវាទដីធ្លី។ អម្បាញ់មិញ ជួបជាមួយពូៗ … ជាអតីតយុទ្ធជន។ អ្នកខ្លះសុទ្ធតែពិការដោយសារសង្រ្គាម។ តែសំណាងដែលនៅមានជីវិត។ យុទ្ធមិត្តរបស់ពូៗភាគច្រើនប្រហែលពលីនៅសមរភូមិហើយ។ នេះជាកន្លែងមានបន្សល់ដោយមីន។ ចូលមក ឃើញក្នុងរូបភាពដែលតាំងបង្ហាញ…