សេចក្តីដកស្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវនិងស្បៀង ជូនប្រ​ជា​​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

អរគុណឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំពោះរបាយការណ៍។ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ធិបតី ដែលបានចូលរួមថ្ងៃនេះពិសេសលោក អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកចូលរួមសំណេះសំណាល និងការរៀបចំ(ផ្ដល់)នូវជំនួយមួយចំនួន ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់! ក្នុងមួយឆ្នាំនេះ ខ្ញុំមកពោធិ៍សាត់បីដងហើយ។ ពីរដងមុនគឺមកសម្ពោធសមិទ្ធផល សម្ពោធសាលារៀននៅវាលវែង ហើយថ្ងៃមុនសម្ពោធផ្លូវជាតិលេខ១០។ ថ្ងៃនេះ មកជួបប្រជាពលរដ្ឋដើម្បីដោះស្រាយការប៉ះពាល់ដោយ​សារ​ទឹកជំនន់។ ករណីពោធិ៍សាត់ មិនមែនតែទឹកជំនន់ទាំងអស់ទេ។ អម្បាញ់មិញនៅបាកាននៅអីហ្នឹង មុននឹងទឹកមកដល់ច្រើនហួស ក៏មានការខ្វះទឹក ការរាំងស្ងួត … (ដែលនាំឱ្យមានអន្តរាគមន៍ដល់)ការគ្រប់គ្រងប្រព័ន្ធទឹកនិងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ការសម្ពោធមកបីដងនេះ គឺមកកសាងសាលារៀនបន្ថែម មកសម្ពោធផ្លូវដែលតភ្ជាប់ពីកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ដើម្បីទាញផលមកអ្នកពោធិ៍សាត់ផង។ ប៉ុន្តែ ពេលដែលលំបាកក៏មកទៀត។ យើងនៅជាមួយគ្នាទាំងស្រួលទាំងសប្បាយ។ ពេលលំបាកក៏នៅជាមួយគ្នា។ ហ្នឹងដូចប្ដីប្រ​ពន្ធអញ្ចឹង,​ លោកតាលោកយាយ អ៊ំ ពូមីង។ ថ្ងៃខ្ញុំការ គេឱ្យហូប ៧រសជាតិ។ ស្លាអញ្ចឹង? ល្វីង ជូរ ចត់ ផ្អែមល្ហែម…