សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងកម្មវិធី «វេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល! ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត!ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមជាអធិបតីក្នុងវេទិកា រាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ដែលជាប្រពៃណីបន្តពីវេទិកាជាបន្តបន្ទាប់កន្លងមក។ ជំនួបរបស់យើងពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ ហើយខ្ញុំគិតថាសាធារណៈជន ជាពិសេសនៅក្នុងវិស័យឯកជនគឺរង់ចាំអ៊ុតមើលថា តើរាជរដ្ឋាភិបាលមានគោលការណ៍អ្វីខ្លះដែលជួយជំរុញវិស័យឯកជនដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចជាតិជាកត្តាសំខាន់ព្រោះវាពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រការនេះមានន័យថា រាល់សេចក្តីសម្រេចនានាចេញពីវេទិកានេះ នឹងមានអានុភាព (ស្មើ)នឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ អញ្ចឹង ការដាក់ចេញនូវគោលនយោបាយពីវេទិកានៅថ្ងៃនេះ ក៏ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួតនិងវប្បធម៌សន្ទនារវាងរដ្ឋាភិបាលនិងផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ មួយវិញទៀត ការរៀបចំវេទិការដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ កិច្ចការដំបូងរបស់រាជរដ្ឋាភិបាលគឺត្រូវមើលថាតើអ្វីខ្លះដែលជាកត្តាចាំបាច់ ជាកិច្ចការសំ​ខាន់ដែលយើងត្រូវធ្វើ? ថ្ងៃនេះគឺជាកិច្ចការប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាសម្រាប់ខ្លួនខ្ញុំផ្ទាល់ ក្នុងការដឹកនាំវេទិកា(រាជរដ្ឋាភិបាលនិងវិស័យឯកជន)ជាលើកទី១ ហើយក៏ជា(វេទិកា)លើកទី១ ក្នុងរយៈពេល ៤ឆ្នាំ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។…