សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤
ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិអង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងព័ត៌មាន នាពេលនេះ។ អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យព័ត៌មាននេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបាននាពេលកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងការកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់។ កិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ តាមជំនាញ បទពិសោធន៍ និងឧត្តមានុវត្តន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន គ្រប់ជាន់ថ្នាក់ ភាគីពាក់ព័ន្ធនានា និងអ្នកចូលរួមក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឱ្យបានល្អ សំដៅបម្រើផលប្រយោជន៍ឱ្យបានច្រើនជាអតិបរមា ជូនជាតិមាតុភូមិនៃយើង។ តាមរយៈរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស លទ្ធផលការងារក្នុងរយៈពេលជិត ៥ខែដំបូងរបស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី…