សេចក្ដីចម្លងសារពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី ការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់! កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV-DTA។ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកជាសំណូរថា បើរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញហើយ ក្នុងនោះរួមមាន ការធ្វើទស្សនកិច្ចតាមបណ្ដោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើគម្រោងកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍតំបន់ភូមិភាគឦសានរបស់កម្ពុជា នៅតែបន្ត ឬយ៉ាងណា? ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈជាច្រើនលើករួចមកហើយនាពេលកន្លងទៅទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភូមិភាគឦសានផ្ទាល់តែម្ដង។ ហេតុដូច្នេះ ការបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់យើង គឺនៅរក្សាដដែល គ្មានផ្លាស់ប្ដូរ ប្រែប្រូល រួមទាំងការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភាគឦសានឆ្នាំ២០២៥ ដែលខ្ញុំបានប្រកាសកន្លងទៅ នៅរក្សាដដែល។ ហើយឆ្លៀតនៅក្នុងឱកាសនេះផងដែរ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតទៅលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលគិតមកដល់ពេលនេះ មានប្រមាណ(ជាង) ៧០ម៉ឺននាក់ បានស្ម័គ្រចិត្តចូលរួម…