សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ នៅពេលនេះ។ ក្នុងនាមជាប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមអរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារបន្ត ហើយខ្ញុំក៏សូមអរគុណចំពោះគណៈកម្មការរៀបចំ ដែលបានចាត់ចែងសម្របសម្រួលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ។ ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែល ស.ស.យ.ក. សម្រេចបានរយៈកាលកន្លងមក ដូចដែល ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. អម្បាញ់មិញនេះ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធរបស់បងប្អូនយុវជនយើងពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញភារកិច្ចរៀងខ្លួនៗ ក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរឆ្ពោះទៅការចូលរួមជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនជាទីស្នេហានៃយើង។ ជាមួយគ្នានេះដែរ…