សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅខេត្តកែប

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភាសមាជិក សមាជិកា រាជរដ្ឋាភិបាលឯកអគ្គរាជ/រដ្ឋទូត និងតំណាង​ស្ថានទូត អង្គទូតនានាប្រចាំកម្ពុជាគណៈអធិបតីអង្គពិធីទាំងមូល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក/លោក​ស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធីបិទបុណ្យសមុទ្រក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បី​ទេស​ចរណ៍” ដ៏មហោឡារិកនាពេលនេះ។ តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកែប សហភាព​សហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នា រៀបចំ និងដឹកនាំអនុវត្តកម្មវិធីនានាក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមអរគុណចំពោះការចូលរួមរបស់បណ្តាស្ថានទូតជាច្រើន ដែលចូលរួមក្នុងការរៀបចំជាស្តង់ពិពណ៌ ហើយក៏មានការចូលរួមរបស់សិល្បៈករមកពីប្រទេសចិនផងដែរ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះភាពជោគជ័យនៃការរៀបចំបុណ្យសមុទ្រជាលើកទីមួយ នៅក្នុងអាណត្តិថ្មី គឺនៅកែប ហើយក៏ជាលើកទីមួយផងដែរដែលខ្ញុំមកបានចូលរួមទាំងបើកទាំងបិទ។ ពិតណាស់ម្សិលមិញបើក យើងអត់បានឡើងកម្មវិធី តែថ្ងៃនេះ (យើងប្រារព្ធពិធី)បិទ(បាន)។ ទោះបីវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណា ថ្ងៃនេះ ខ្ញុំគិតថា (រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយម)ឯកឧត្តម ថោ ជេដ្ឋា ប្រហែលជាចាញ់ស្លឹកគ្រៃហើយ។…