សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល បងប្អូនសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកនិងកាណាដា

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន សមាគមខ្មែររបស់យើងដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាទាំងអស់! (១) ការជួបជុំអ៊ំពូមីងបងប្អូនពីសហរដ្ឋអាមេរិកនិងកាណាដាបង្ហាញស្មារតីសាមគ្គីមហាគ្រួសារខ្មែរ  ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបលោកអ៊ំ ពូមីង បងប្អូន ទាំងអស់នៅទីនេះ។ តាមពិតគ្រាន់តែឃើញមេក្រូ​ចង់ភ័យទៅហើយ។ រាល់ដង (ពេល)រៀបចំកម្មវិធី(ដូចនេះ) ខ្ញុំនៅតែក្រោយទេ ព្រោះរៀបចំកម្មវិធីសម្រាប់ពុក សម្ដេចតេជោ។ ថ្ងៃនេះឡើងមកខ្លួនឯង ហើយទល់មុខជាង ២ ពាន់នាក់ … សូមអរគុណទី ១ ដល់ក្រុមការងាររៀបចំ គឺអង្គការចាត់តាំងយុវជននៅក្រៅប្រទេស នៅអាមេរិក នៅកាណាដា ឯកឧត្តម ឯកអគ្គរាជទូត​ ក៏ដូចជាថ្នាក់ដឹកនាំអង្គការចាត់តាំងនៅតាមបណ្ដាតំបន់ រដ្ឋនៅកាណាដា ក៏ដូចជាអាមេរិក … អរគុណលោកអ៊ំ ពូមីង បងប្អូន ដែលឆ្លៀតឱកាស​ធ្វើដំណើរពីឆ្ងាយមក។ អម្បាញ់មិញលឺថាមកតាំងពី អាឡាស្កា តាំងពីអីៗ មិនមែនដូចយើងពីរតនៈគិរី-ភ្នំពេញតែ ៧ ម៉ោង ទេ គឺឆ្ងាយណាស់។ (អ៊ំពូមីងបងប្អូន)ខំធ្វើដំណើររាប់ពាន់គីឡូមកជួបជុំគ្នានៅទីនេះ បង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរតែមួយ មហាសាមគ្គីគ្រួសារខ្មែរ ដែលខ្ញុំអរគុណណាស់(ចំពោះ)ការលើកទឹកចិត្តនេះ។ (២)…

សុន្ទរកថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា” ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា

ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី រដ្ឋមន្តី សមាជិក-សមាជិកា នៃអង្គគណៈរដ្ឋមន្ត្រីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលខ្ញុំមានកិត្តិយស និងសេចក្តីរីករាយបំផុត សូមយកឱកាសនៃអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់យើងនាពេលនេះ ប្រកាសជូនជនរួមជាតិកម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ជ្រាបអំពី​អាទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបទៅនឹងសំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន។ ផ្អែកលើ “កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ ២០២៣- ២០២៨” របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ, រាជរដ្ឋាភិបាលបានរៀបចំ “កម្មវិធីនយោបាយ” របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និង អន្តរជាតិនាបច្ចុប្បន្ន និង ទៅអនាគត ព្រមទាំងដោយយកចិត្តទុកដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន, “កម្មវិធីនយោបាយ” នេះ…