សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល​ គណៈអធិបតី ភ្ញៀវកិត្តិយស​ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនីបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ និងភរិយា មានសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវា–វប្បធម៌ជាតិ ៣ មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦» ប្រកបដោយបរិយាកាសរីករាយ ។ នេះ ជាលើកទី ២ ដែលខ្ញុំ និង ភរិយា បានចូលរួម ក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ  កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង មានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ លើសពីនេះ, ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាការពារ…