(សារលើហ្វេសប៊ុក)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថា ជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែង និងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ
ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិកាអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។ បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។ បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។ មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់…

