សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន! មុននឹងចាប់ផ្ដើម ក្នុងឱកាសពិធីបុណ្យខួបលើកទី១៩នៃការឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃទី២៩ តុលា​ ទួលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រ ជាពលរដ្ឋទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរបវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្វសាធុការពរជ័យសិរីវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរគ្រប់រូបជាដរាបរៀងទៅ។ (១) ការជួបជាមួយកម្មករ/ការិនី គិតពីខែឧសភាជាកម្មវិធីទី៩ គិតពីក្រោយបោះឆ្នោតជាកម្មវិធីទី៧​ ខ្ញុំមានកិត្តិយសនិងសេចក្ដីសប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងពិធីព្រឹកនេះ ដែលមានការចូលរួមពីបងប្អូនជាង ១៨០០០នាក់ ដែលបានអញ្ជើញមកជួបជុំថ្ងៃនេះ។ គិតពីខែ៥​ គឺកម្មវិធីទី៩ ដែលខ្ញុំបានជួបជាមួយបងប្អូនកម្មករ កម្មការិនី ប្រធានរដ្ឋបាល និងប្រធានក្រុម តែបើក្រោយបោះឆ្នោតគឺកម្មវិធីទី៧​ ដែលយើងបានជួបគ្នា។ នៅទីតាំងនេះក៏ជាលើកទី២ហើយ។ ថ្ងៃនេះទេវតាក៏ជួយប្រោះព្រំត្រជាក់ត្រជុំបន្តិចព្រឹកមិញ។ ព្រឹកឡើងឮសូរផ្គរ ស្មានតែមកកម្មវិធីមិនបាន។ អរគុណចំ​ពោះការរៀបចំនិងការចូលរួមរបស់បងប្អូនយើង … អរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររៀបចំសហការជាមួយក្រុមហ៊ុន…