សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និង លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥» របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលក្រសួងសម្រេចបាន​   នាពេលកន្លងមក, ជាពិសេស ក្នុងរយៈពេលជាងមួយឆ្នាំ តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិ, ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន និង ភាគី​ពាក់ព័ន្ធ ដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ និង…